ខេត្តប៉ៃលិន៖ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងអំពីករណីហិង្សាដោយចេតនាមួយករណីដែលប្រព្រឹត្តកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃខាងលើនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងត្រង់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ខន គឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រីឯជនរងគ្រោះឈ្មោះ បៀវ សឹង ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរលក់នំខ្មែរ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពដដែលបានឲ្យដឹងទៀតថាមុនឈានដល់ការប្រើអំពើហិង្សាទៅលើជនរងគ្រោះ ជនបង្កបានផឹកស្រាស្រវឹងយ៉ាងខ្លាំង ហើយបានឈ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធក៏បានគេចចេញ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។ លុះដល់ម៉ោងកើតហេតុជនបង្កបានស្រែកជេរម្ដាយក្មេកជាជនរងគ្រោះហើយដៀលពូជថា “ពូជផិតក្បត់ប្ដី” ។បន្ទាប់មកអ្នកទាំងពីរក៏បានទាស់ពាក្យសម្ដីគ្នា ហើយជនបង្កបានវាយទៅលើជនរងគ្រោះជាម្តាយក្មេកដោយបោកជនរងគ្រោះទៅលើដីនិងច្របាច់ក ព្រមទាំងយកជើងធាក់ដើមទ្រូងរបស់រួចអូសជនរងគ្រោះនៅលើដីយ៉ាងព្រៃផ្សៃ។
ក្រោយមានហេតុការណ៍នេះកើតឡើងជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ ៖ប្រាថ្នា