អន្តរជាតិ៖ នាយឧត្ដមសេនីយ៍ អាងហ្កឹស ខេមប៊ែល (Angus Campbell) ជាមេបញ្ជាការ នៃកងកម្លាំងការពារជាតិអូស្រ្ដាលី នៅថ្ងៃព្រហស្បតិ៍ទី១៩ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានទទួលស្គាល់ ចំពោះភស្តុតាងគួរឲ្យទុកចិត្តមួយដែលបានថា កងកុម្ម៉ង់ដូពិសេសរបស់លោក បានសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានយ៉ាងហោច ៣៩នាក់ ដោយខុសច្បាប់ហើយដែលទង្វើនេះអាចនឹងត្រូវបានស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាពីបទឧក្រិដ្ឋកម្មសង្រ្គាម។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់ចំពោះការសារភាពទទួលស្គាល់ពីសំណាក់ មន្ត្រីយោធាជាន់ខ្ពស់អូស្ត្រាលីខាងលើនេះ បានកើតមានឡើងបន្ទាប់ពី លទ្ធផលនៃការស៊ើបអង្កេត អស់ពេលជាយូរណាស់មកហើយ ត្រូវបានចេញផ្សាយដោយរៀបរាប់អំពីអាកប្បកិរិយា នៃយោធាអូស្ត្រាលី ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ។
លោកឧត្ដមសេនីយ៍ Campbell ក៏បានសូមទោសប្រជាជនអាហ្វហ្គានីស្ថានផងដែរ ជាមួយការបញ្ជាក់ថា មេដាយកិត្តិយស ដែលត្រូវបានផ្ដល់ជូនកងកម្លាំងពិសេសអូស្រ្ដាលី ដែលបានបម្រើការងារក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ គួរតែត្រូវបានដកយកមកវិញ។ លោកឧត្ដមសេនីយ៍រូបនេះ បន្ថែមទៀតថា កងកម្លាំងពិសេសអូស្រ្ដាលី ២៥នាក់ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទោសកំហុស នៅក្នុងឧប្បដិហេតុដែលកើតឡើងចំនួន ២៣លើក។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រោយការវាយប្រហារភេរវកម្មនៅសហរដ្ឋអាមេរិក យោធាអូស្ត្រាលីច្រើនជាង២៦,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហា្គនីស្ថាន ដើម្បីជួយយោធាអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមតាលីបង់ ក្រុមអាល់កៃដា និងក្រុមភេរវករដទៃទៀត។
គួរបញ្ជាក់ថា យោធាប្រយុទ្ធអូស្រ្តាលី ត្រូវបានដកចេញពីទីនោះវិញនៅឆ្នាំ២០១៣ ក៏ប៉ុន្តែក្រោយមកមានការចោទប្រកាន់ជាបន្តបន្ទាប់ថាយោធាអូស្ត្រាលីមានជាប់ពាក់ព័ន្ធ ទៅនឹងឧក្រិដ្ឋសកម្មសង្រ្គាម ខណៈសូម្បីតែយោធាអាមេរិក ក៏ត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕ដោយ៖ស តារា