ភ្នំពេញ៖ សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២០នេះ មានបញ្ហាប្រឈមធំៗចំនួន៣ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យើងបានជម្នះនិងដោះស្រាយទទួលបានជោគជ័យនោះគឺបញ្ហាសំរាម, បញ្ហាទឹកជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះនៅក្នុងពិធីចុះសំណេះសំណាល ថ្លែងអំណរគុណ និងផ្ដល់អំណោយសប្បុរសធម៌ជូនដល់ កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌចំនួន២ គឺខណ្ឌព្រែកព្នៅ៥០នាក់ និងខណ្ឌឫស្សីកែវ៥០នាក់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងសណ្ដាប់ធ្នាប់របស់យើងដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមទាំងបីខាងលើនេះទទួលបានជោគជ័យ ។
ចំពោះបញ្ហាប្រឈមបីដែលបានលើកឡើងនេះ លោកឃួង ស្រេង បានបញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រសួងមហាផ្ទៃបានសម្រេចបញ្ចេញនូវកម្លាំងចម្រុះដើម្បីធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូលក្នុងកិច្ចប្រតិបត្តិការ នៃការប្រមូលសំរាមនេះ រហូតយើងទទួលបានលទ្ធផលជោគជ័យ ដោយក្នុងមួយថ្ងៃ យើងអាចប្រមូលសំរាមបានរហូតដល់៣ពាន់តោន។
ចំណែកបញ្ហាប្រឈមទី២នោះ គឺបញ្ហាទឹកជំនន់ដែលបានជន់លិចរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ។ ប៉ុន្តែបញ្ហាប្រឈមនេះត្រូវបាន ដោះស្រាយទទួលបានជោគជ័យផងដែរដោយសារតែយើងបានប្រើប្រាស់នូវកម្លាំងសរុបមានទាំងកងកម្លាំងប្រដាប់អាវុធនិងកម្លាំងស៊ីវិលរួមសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ជាស្បៀងអាហារជូនពួកគាត់គ្រប់គ្រាន់ផងដែរ ។
ដោយឡែកចំពោះបញ្ហាប្រឈមទី៣នោះ គឺព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា ដែលប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ យើងបានគ្រប់គ្រងបញ្ហាកូវីដ-១៩នេះទទួលបានជោគជ័យ ដោយមិនបានធ្វើឱ្យរាលដាលដល់សហគមន៍នោះទេ ។
សូមបញ្ជាក់ថា៖ ការចែកអំណោយជូនដល់កម្លាំងសណ្ដាប់ធ្នាប់ទាំងពីរខណ្ឌខាងលើនេះ ក្នុងនោះកម្លាំងសណ្តាប់ធ្នាប់ម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអុីវ ជាមួយនឹងការចែកម៉ាស់ជូនពួកគាត់ផងដែរ ។សកម្មភាពទាំងនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តដូចជាការតបស្នងចំពោះ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏សូុមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀតកុំច្រណែន ដោយសារតែកម្លាំងប្រជាការពារប្រាក់ខែរបស់គាត់នៅមានកម្រិត ពោលគឺបានតែ ៦៧ម៉ឺនរៀលប៉ុណ្ណោះក្នុង១ខែ៕ សំរិត