ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញ៖ ​រិះគន់សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​​ ទាមទារឲ្យ​ពួក​គាត់​បង់លុយ​ពេលរថយន្ត​ដឹកស្រូវ​ចូល១​គ្រឿង​២ម៉ឺនប្រាំពាន់រៀល

ចែករំលែក៖

ខេត្តកណ្តាល៖មានសេចក្តីរាយការណ៍មួយ កាលពីរសៀលថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះថាក្រុមឈ្មួញខ្មែរដឹកស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម ក៏​​ដូចជាអ្នកបើកបររថយន្ត បានលើកឡើងនឹងធ្វើការរិះគន់ចំពោះសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានកៀបសង្កត់កប្រជាពលរដ្ឋខ្មែរគ្នាឯង ដោយតម្រូវឲ្យពួកគាត់បង់លុយពេលរថយន្តដឹកស្រូវចូល១គ្រឿង២ម៉ឺនរៀល និងពេលចេញរថយន្តមកវិញគ្មានស្រូវសោះក៏ត្រូវបង់លុយ៥ពាន់រៀលទៀត។ ខណៈសមត្ថកិច្ចខាងវៀតណាមគ្មានអ្នកណាយកលុយពីខ្មែរផង។

សូមជម្រាបថា ស្របពេលដល់រដូវប្រមូលផលច្រូតកាត់ស្រូវប្រាំង ក្រុមឈ្មួញជាច្រើនបាននាំគ្នាដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋ​​ក្នុងស្រុក តាមបណ្តាខេត្តនានា ដឹកជញ្ជូនតាមរថយន្តធំរាប់រយគ្រឿង ឆ្លងដែនចូលទៅលក់បន្តឲ្យឈ្មួញនៃប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីស្ថិតក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង

តាមការអះអាងពីក្រុមឈ្មួញខ្មែរដឹកស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាមបានបញ្ជាក់ថា សមត្ថកិច្ចខ្មែរយើងដែលប្រចាំការនៅចក្រព្រំដែនបានកៀបសង្កត់លើពលរដ្ឋខ្មែរ គ្រាន់តែរថយន្តដឹកស្រូវបើកចូលទៅប្រទេសវៀតណាមក្នុងមួយជើងត្រូវចំណាយលុយអស់២ម៉ឺនប្រាំពាន់រៀលចំពោះរថយន្តដឹកស្រូវក៏បានបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់ទាំងយប់ទាំងថ្ងៃចាប់ពីច្រកទ្វារព្រំដែន ដល់ភូមិដំរីងាប់ចម្ងាយប្រហែលគីឡូដី ប្រភពដដែល បាននិយាយទៀតថា ការកកស្ទះនេះគឺបណ្តាលមកពីរថយន្តចតឈប់ហើយអ្នកបើកបររត់ចុះទៅបង់លុយឲ្យច្រកទ្វារខាងខ្មែរ

យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ក្រុមឈ្មួញក៏សូមសំណូមពរដល់អាជ្ញាធរខេត្តព្រៃវែង មេត្តាជួយសម្របសម្រួលធ្វើម៉េចឲ្យឈ្មួញវៀតណាមឆ្លងដែនចូលមកទិញស្រូវនៅត្រឹមបេនក្នុងទឹកដីខ្មែរវិញទៅ ដើម្បីឲ្យកម្មករខ្មែរមានការងារធ្វើផង ហើយពួកគាត់ក៏កាត់បន្ថយការចំណាយ និងពេលដឹកស្រូវចូលទៅដល់ដីវៀតណាម គឺទីផ្សារតែមាត់ឈ្មួញគេឲ្យតម្លៃ បើទោះបីថោកខាតក៏ត្រូវតែបង្ខំចិត្តលក់ឲ្យគេផងដែរ មិនអាចដឹកស្រូវចេញមកវិញបានឡើយ ព្រោះខុសគ្នាដាច់ស្រឡះពីបេនរថយន្តកម្ពុជា

 

ដោយ៖ស តារា


ចែករំលែក៖