ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានការភ្ញាក់ផ្អើលនឹងករណីអតីតភរិយាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ បានចេញមុខអះអាងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបើកកកាយអំពីប្រវត្តិទំនាក់ទំនងស្នេហ៍ជាមួយអតីតស្វាមី។ ការបើកបង្ហាញមុខនេះទោះបីជាស្នេហានេះមានអាយុកាល១៥ឆ្នាំមកហើយក្តីក៏គេមិនដែលបានឃើញមុខមាត់ពិតរបស់ភរិយាអ្នកនិពន្ធល្បីឈ្មោះម្នាក់នេះដែរ គឺមានតែការបង្ហោះរូបថតជាមួយកូនៗប៉ុណ្ណោះ។
ការចេញបង្ហាញមុខជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរហូតមានទស្សនិកជនជាច្រើនស្នើឲ្យស្ត្រីរូបនេះទម្លាយពីមូលហេតុនៃការបែកបាក់គ្នា និងប្រវត្តិស្នេហាពីដំបូងគ្រាដែលលោក យឹម តាស្រង់មិនទាន់ល្បីឈ្មោះ ពោលគឺមុនពេលដែលលោកយឹម តាស្រង់ ចូលប្រឡូកក្នុងអាជីពជាអ្នកនិពន្ធនៅផលិតកម្មធំៗមកម្ល៉េះ។
ស្ត្រីដែលជាអតីតភរិយាលោក យឹម តាស្រង់ឈ្មោះ គន្ធ ស្រីនាង និងមានគណនីTik Tok ឈ្មោះ មេម៉ាយកូន៤ បានបញ្ចេញសារ និងរូបថតអនុស្សាវរីយមួយចំនួនដែលនាងមានជាមួយអតីតស្វាមី។ ដោយក្នុងសារនោះបានទម្លាយអំពីចំណងស្នេហ៍ជាងមួយទសវត្សរ៍មកហើយ ដោយបន្សល់ទុកកូនប្រុសចំនួន៤នាក់។ ប្រភពបន្តថា ចំណងស្នេហ៍នាងបានបែកបាក់នឹងអតីតស្វាមីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនាងមិនបានដាក់បន្ទុកទាំងស្រុងទៅកាន់អតីតស្វាមីទេ ព្រោះតែការរឹងមានះចង់ឈ្នះរៀងៗខ្លួនទើបចំណងស្នេហ៍ដែលធ្លាប់កម្សត់កម្រនេះត្រូវបានប្រេះស្រាំ។ នាងបន្តថា បើទោះបីជាពេលនេះស្វាមីមានគូស្នេហ៍ថ្មីមែន ប៉ុន្តែនាងក៏មិនឈឺក្បាលអ្វីដែរ ប៉ុន្តែអ្វីដែលនាងហួសចិត្តគឺនារីស្រីកំណាន់ចិត្តអតីតស្វាមីបានបង្ហោះសារបញ្ឈឺ ដែលនាងបកទៅវិញថា នារីនោះអាចយកក្តីស្រលាញ់ពីអតីតស្វាមីនាងបាន ប៉ុន្តែមិនអាចយកសេចក្តីស្រលាញ់ដែលស្វាមីនាងមានចំពោះកូននាងបានឡើយ ហើយចំណងស្នេហ៍នាងនិងអតីតស្វាមី គឺកើតចេញពីចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ និងមានកូនកើតចេញពីក្តីស្រលាញ់ពិតចំនួន៤នាក់។ អ្នកនាងបញ្ជាក់ដែរថាមិនមែនមានបំណងក្នុងការលាតត្រដាងអំពីរឿងចំណងស្នេហ៍ចាស់នេះជាសាធារណៈឡើយ ប៉ុន្តែអ្វីដែលជំរុញឲ្យនាងទម្លាយគឺក្រោយពីបទចម្រៀងមួយបទដែលច្រៀងដោយតារាចម្រៀង ខេម និងនិពន្ធដោយអតីតស្វាមីនាងនោះបានចាក់ចំបេះដូងនាងខ្លាំង ដែលនិយាយអំពីរៀបការស្រួលលែងគ្នាពិបាក ហើយបទចម្រៀងនេះនាំឲ្យនាងក្តុកក្តួល និងគេងមិនលក់ពេញមួយយប់ក្រោយពីបានស្តាប់។
យើងនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក យឹម តាស្រង់បាននៅឡើយទេជុំវិញការបង្ហាញមុខរបស់អតីតភរិយានេះ។ ទោះជាយ៉ាងណា ប្រភពពីអ្នកសិល្បៈដែលធ្លាប់បានដឹងរឿងលោកបានទម្លាយខ្លះថា ចំណងស្នេហ៍ប្រេះស្រាំជាមួយអតីតភរិយាគឺចាប់តាំងពីអ្នកនិពន្ធរូបនេះបម្រើការងារនៅផលិតកម្មថោនមកម្ល៉េះ ដោយសារបញ្ហាខ្វែងសម្តីគ្នាខ្លះ និងរឿងសង្ស័យលោកយឹម តាស្រង់មានចំណងស្នេហាក្រៅឆាកជាមួយតារាចម្រៀងម្នាក់។ ទោះជាយ៉ាងណាគេសរសើរពីលោកយឹម តាស្រង់ផងដែរថា ក្រោយលែងលះជាមួយភរិយាលោកមិនដែលនិយាយអាក្រក់ពីអតីតភរិយា និងទទួលរ៉ាប់រងលើការចិញ្ចឹមកូនប្រុសទាំង៤ឲ្យទទួលបានការសិក្សារៀនសូត្រនៅសាលាល្អៗផងដែរ៕
ដោយ ៖ វឌ្ឍនា