ព័ត៌មានទាន់ហេតុការណ៍៖

សំរាមអនាធិបតេយ្យជិត៤០តោន ត្រូវបានប្រមូលចេញ អាជ្ញាធរប្រកាសចាប់ផ្តើមធ្វើការផាកពិន័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សំរាមអនាធិបតេយ្យជះក្លិន ស្អុយរលួយ ជិត៤០តោន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានអាជ្ញាធរសហការជាមួយក្រុមហ៊ុនស៊ិនទ្រី កើបប្រមូលចេញ ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមរយៈផែកហ្វេកប៊ុករបស់ខ្លួនថា ការចោលរាយប៉ាយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សោភ័ណភាព អនាម័យសុខភាព និងបរិស្ថាន ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសំរាមនេះ ដោយត្រូវធ្វើការវិចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវរង់ចាំឡានមកប្រមូលសំរាមនៅតាមផ្ទះនីមួយៗ និងមិនត្រូវដឹកយកមកចោលតាមទីសាធារណៈ ឬធ្វើការបោះចោលក្នុងដីឡូត៍ទំនេររបស់អ្នកដ៏ទៃឡើយ។
ទន្ទឹមនឹងនោះ ខ្លឹមសារនៅក្នុងផេកហ្វេសប៊ុករបស់លោក អភិបាលក្រុងប៉ោយប៉ែត ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងនឹងចាប់ផ្តើមធ្វើការពិន័យចំពោះអ្នកចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈទៅតាមច្បាប់ដែលបានកំណត់រួចហើយ។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា នៅតាមភូមិ និងតំបន់របស់ពួកគាត់រស់នៅមួយចំនួន នៅមិនទាន់ មានក្រុមហ៊ុនចូលទៅប្រមូលសំរាមដល់ឡើយ ព្រមទាំងគ្មានក្រុមហ៊ុន ឬអាជ្ញាធរ ធ្វើការទំនាក់ទំនងអំពើការទទួលសេវាកម្មផ្នែកប្រមូលសំរាមដល់ផ្ទះគាត់ឡើយ៕ដោយ៖វណ្ណា


ចែករំលែក៖