ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជំនាញរដ្ឋាករទឹកខេត្តស្វាយរៀងក្នុងករណីទឹកស្អាតមានសភាពរមាស់ខុសប្លែកធម្មតា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្វាយរៀងកំពុងតែធ្វើការត្អូញត្អែរនឹងទឹកស្អាត ហើយបានធ្វើការបង្ហោះតាមគណនីហ្វេសប៊ុករបស់ខ្លួនបន្ទាប់ពីមានការរមាស់ស្បែកខុសប្លែកពីធម្មតាក្រោយពីជម្រះកាយរួច។

ការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់បងប្អូនប្រជាពលរដ្ឋនេះគឺបានផ្ទុះឡើងនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងក្រុងស្វាយរៀង។

ចំពោះករណីទឹកស្អាតធ្វើឱ្យរមាស់ស្បែកនោះអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានបង្ហោះតាមហ្វេសប៊ុកអាខោនរបស់ខ្លួនថា សូមគោរពស្នើសុំអតិថិជនដែលប្រើប្រាស់ទឹកស្អាត ហើយសង្ស័យថា ធ្វើឱ្យរមាស់ ឬប្រតិកម្មស្បែក សូមទាក់ទងមកអង្គភាពរដ្ឋាករទឹក យើងខ្ញុំនឹងយកឧបករណ៍ពិសោធន៍ដែលទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះទៅដល់ទីតាំង ដើម្បីវិភាគរកបញ្ហាជូនបងប្អូនភ្លាមៗ។

ក្រោយពីការផ្តល់ព័ត៌មានភ្លាម អង្គភាពយើងបានចុះទៅពិនិត្យបឋមរួចរាល់ហើយ ជាលទ្ធផលមន្ត្រីជំនាញ អគារពិសោធន៍នៃអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងបានពិនិត្យឃើញថា ទឹកស្អាតដែលផលិតក្នុងរោងចក្រមិនមានបញ្ហាអ្វីទេ និងតាមបណ្តាផ្ទះអតិថិជន ៩គ្រួសារនៅតំបន់ផ្សេងគ្នា ក៏មិនមានបញ្ហាដូចគ្នា នេះគឺជាការបញ្ជាក់របស់ លោកស្រី ឈួត សុម៉ាឡា ប្រធានអគារពិសោធន៍   ។

តែយ៉ាងណាក៏ លោក អ៉ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បន្តយកសំណាកទឹកស្អាតទៅពិនិត្យបន្តនៅស្ថាប័នជាតិ ហើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ យើងនឹងយកសំណាកទៅពិនិត្យលម្អិតបន្ថែមនៅមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត និងនវានុវត្តន៍(STINL) ឬ(ILCC) យើងត្រូវការរយៈពេល១សប្តាហ៍ ដើម្បីដឹងអំពីលទ្ធផល សូមមេត្តារង់ចាំ យើងនឹងផ្តល់លទ្ធផលច្បាស់លាស់ ជាក់លាក់តាមបច្ចេកទេស ៕

ដោយ៖យឹម សុថាន


ចែករំលែក៖