ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាទាំងថ្ងៃតែម្ដង ហេីយបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER រេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កដែលចតអែបចិញ្ចើមផ្លូវប៉ើងវិលមួយជុំក្រឡាប់ផ្ងារជើងម្ខាង ឯម្ចាស់រុឺម៉កដែលអង្គុយពីលេីបានរងរបួសដៃនិងរយះស្លឹកត្រចៀក(ស្រាល) ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចជិតវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ចតម៉ូតូសណ្ដោងរុឺម៉កអែបចិញ្ចើមផ្លូវជាប់របងការដ្ឋានកំពុងសាងសង់មួយកន្លែងតាមបណ្ដោយផ្លូវលេខ២១៧ដើម្បីរង់ចាំដឹកភ្ញៀវ។ពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AM-5996បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំបើកតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅស្ដាំដៃបុកកន្ទុយរ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យវិលមួយជុំផ្ទប់នឹងរបងស័ង្កសីការដ្ឋានក្រឡាប់ផ្ងារជើងម្ខាង និងបណ្ដាលឲ្យរថយន្តនឹងម៉ូតូសណ្ដោងរុឺម៉ករងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសម្ចាស់ម៉ូតូសណ្ដោងរុឺម៉ករងរបួសដៃនិងរយះស្លឹកត្រចៀកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនចន្ទ្រា។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងដោះស្រាយគ្នាតែខាងម្ចាស់រថយន្តចុះមកស្រវឹងនិងប្រកែកគ្នាយ៉ាងតឹងសរសៃ ក ដោយយកត្រូវតែខ្លួនឯង ប៉ុន្តែចុងក្រោយព្រមសងថ្លៃខូចខាតទៅម្ចាស់ម៉ូតូសណ្ដោងរុឺម៉កដែលជារងគ្រោះចំនួន៣០០ដុល្លារបញ្ចប់រឿងតែម្ដង ៕ ដោយ៖ ភារ៉ា ដង្កោ