ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នានិងជាមិត្តភក្តិគ្នា ផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី ។
សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បង្ហើបប្រាប់ថា ជនសង្ស័យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា ។
អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ច ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នាបាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ ។
លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើអោយជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន ។
ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីគ្នារៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។
ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យបានតែម្តង ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ចេស្តា