ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដេញចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះឆក់កាបូបលុយពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវបានសម្រេច កាលពីវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមាន ឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖
១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1IG-4658, ២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ៣/លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) ៤/ទូរស័ព្ទដៃម៉ាកVIVO ពណ៌ក្រហមចំនួន០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1P-8565 មិនចាំលេខតួ និងលេខម៉ាស៊ីនចេញពីកន្លែងលក់ដូរនៅផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចក្បែរស្តុបការ៉េប្រាំបី ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ០១ គ្រឿងម្នាក់ឯងស្របទិសជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកកាបូបលុយដែលជនរងគ្រោះ ក្រវ៉ាត់ចង្កេះពីខាងមុខ ហើយក្នុងកាបូបនោះមានលុយ ខ្មែរចំនួន ១.៦០០.០០០ រៀល (មួយលានហុកសិបម៉ឺនរៀល), ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហមចំនួន០១គ្រឿង, និងឯកសារផ្សេងៗ រួចបើកម៉ូតូគេចខ្លួនទៅទិសខាងត្បូង ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតលើផ្លូវ២១៧ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ ដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងដែលនៅតាមគោលដៅឈរជើងផ្សេងៗជួយស្ទាក់ពីមុខ ។ ហើយជនសង្ស័យខាងលើ បានបើកម៉ូតូគេចខ្លួនដល់ ចំណុចបុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន រួមនិងវត្ថុតាងខាងលេី យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួររួចរាល់ ជនសង្ស័យបានឆ្លើយសារភាព ប្រាប់ថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន។ ហើយកន្លងមករូបគេ (ជនសង្ស័យ) ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកថែមទៀត ។ ដោយឡែកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕
ដោយ៖ ភារ៉ា ដង្កោ