ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់យកច្រវាចែវទូកវាយអ្នកដទៃរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទប់នឹងសំដីឌឺដងមិនបានបុរសម្នាក់បានទាញយកច្រវាទូកវាយភ្លាមៗមកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឡាយ ឆេងលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ ដោយឡែកជនរងគ្រោះ មានឈ្មោះរ័ត្ន បុរី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រវឹង ពេលនោះបានឃើញជនសង្ស័យ លីអីវ៉ាន់ឡើងមកលើច្រាំង ពេលដែលកំពុងលីអីវ៉ាន់មកនោះ ជនរងគ្រោះបានលេបខាយសំដី ឌឺដងដាក់ដោយពាក្យមិនគប្បី ធ្វើឲ្យជនសង្ស័យក្តៅក្រហាយ ខឹងខ្លាំង ក៏ស្ទុះទាញច្រវានៅក្នុងទូកវាយទៅលើជនរងគ្រោះភីងៗតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវចំឆ្អឹងជំនី ។

ក្រោយពេលកើតហតុ ជនរងគ្រោះ បានដឹកមកសង្រ្គោះ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ចន្ថា


ចែករំលែក៖