ព័ត៌មានទាន់ហេតុការណ៍៖

ការសាងសង់អគារទីស្តីការក្រសួងសាធារណការ ថ្មី សម្រេចបានស្ទើរតែទាំងស្រុង គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ផ្លូវឯកឧត្តមជា សុផារ៉ា) ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងផងដែរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា៖ ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។  

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព ហើយអគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

បន្ទាប់ពីការអញ្ជើញចុះពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធសំណង់អគារទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះក្នុងដំណើរការសាងសង់ សំដៅពន្លឿនការងារសាងសង់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក៕

ដោយ៖ សិលា


ចែករំលែក៖