ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកំពូលចិន៖ ប្រកាស​ប្រឆាំង​នយោបាយ​គាំពារ​និយម​ក្នុង​ពិភពលោក​ហ៊ុមព័ទ្ធ​ដោយ​កូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាបានប្តេជ្ញាបន្តបើកចំហសេដ្ឋកិច្ចដ៏សម្បើមរបស់ប្រទេសលោកដោយចាត់ទុកចិនជាឆ្អឹងខ្នងសម្រាប់ពាណិជ្ជកម្មសេរី ហើយក៏ព្រមានប្រឆាំងគោលនយោបាយគាំពារនិយមក្នុងសេដ្ឋកិច្ចសកល ដែលកំពុងរងគ្រោះដោយសារជំងឺរាតត្បាតសកលកូវីដ​-១៩ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីរូបនេះ បានពន្យល់ថា ការបើកចំហសេដ្ឋកិច្ច ជួយបើកផ្លូវឲ្យប្រទេសមួយដើរទៅមុខរួច ទោះបីជាប្រឈមបញ្ហាក៏ដោយក្ដី

ជាក់ស្តែងនៅវេទិកាមួយក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងតាមអនឡាញពីម៉ាឡេស៊ីលោកប្រធានាធិបតី ស៊ី ជិនភីង បានទទួលស្គាល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក  ជាកម្លាំងជំរុញនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចសកល ក្នុងពិភពលោកដែលរងគ្រោះដោយសារបញ្ហាប្រឈមមួយចំនួន ក្នុងនោះក៏មាន ជំងឺកូវីដ​-១៩

មេដឹកនាំកំពូលចិនរូបនេះ ថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួន បានលើកឡើងថាសេដ្ឋកិច្ចចិននៅតែរឹងមាំ និងសកម្ម ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ​-១៩  ហើយលោកប្តេជ្ញាបើកចំហសេដ្ឋកិច្ចដែលធំលំដាប់ទីរបស់ពិភពលោកនេះ  លោក ស៉ី បានសង្កត់ធ្ងន់ថា៖«​យើងនឹងបន្តកាត់បន្ថយពន្ធ និងពង្រីកការនាំចូលផលិតកម្មនិងសេវាកម្មគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសទាំងអស់​»​ លោក បន្តថា ការបើកចំហសេដ្ឋកិច្ចបើកផ្លូវឲ្យប្រទេសមួយដើរទៅមុខរួចទោះបីជាប្រឈមបញ្ហាក៏ដោយក្ដី

ប្រធានាធិបតីចិន មិនត្រឹមតែលើកកម្ពស់ពាណិជ្ជកម្មសេរី ក៏ព្រមានប្រឆាំងគោលនយោបាយគាំពារនិយម បើទោះជាមិននិយាយចំៗឈ្មោះលោកស៊ីទំនងចង់សំដៅលើគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លោកព្រមានដូច្នេះថា«​ប្រទេសណាដែលបន្តដាក់របាំងពាណិជ្ជកម្ម នឹងរងទុក្ខដោយសារទង្វើខ្លួនឯង​»​

សូមជម្រាបថា វេទិកា APEC ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងតាមអនឡាញ ដោយសារជំងឺកូវីដ​-១៩ មានការចូលរួមពីប្រទេសចំនួន២១ ក្នុងនោះក៏យក្សសេដ្ឋកិច្ចទាំងពីររបស់ពិភពលោកផងដែរ សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាសមាជិក APEC គ្របដណ្ដប់ប្រមាណ ៦០ភាគរយនៃ GDP សកលលោក

បច្ចុប្បន្នមកដល់ពេលនេះ ពុំទាន់មានការបញ្ជាក់ច្បាស់ថា លោក ត្រាំ ដែលរងបរាជ័យក្នុងការបោះឆ្នោតជាមួយលោក ចូ បៃឌិន នឹងមានវត្តមានក្នុងជំនួបកំពូលនេះ អត់ទេ

ដោយឡែកមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោ ត្រាំ នឹងចូលរួមក្នុងវេទិកា APEC នាថ្ងៃទី២០ខែវិច្ឆិកា បើពិតមែននោះ នេះនឹងក្លាយជាវត្តមានលើកដំបូង ដែលប្រធានាធិតិអាមេរិក ដូណាល់ ត្រាំ ចូលរួមព្រឹត្តិការណ៍នេះចាប់តាំងពីឆ្នាំ២០១៧មក

គួរបញ្ជាក់ថា ជំនួបកំពូល APEC ត្រូវបានរៀបចំត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះក្រោយ ចិននិងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ១៤ទៀត បានចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលស្មើជិត៣០ភាគរយនៃផលិតផលក្នុងស្រុករបស់សកលលោកខណៈកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)  ដែលមិនរាប់បញ្ចូលអាមេរិក ត្រូវបានគេចាត់ទុកជាការទម្លាក់ឥទ្ធិពលអាមេរិកក្នុងតំបន់ ហើយក៏ជាភស្តុតាងបញ្ជាក់ថា ក្រុងប៉េកាំងកំពុងរៀបចំរបៀបវារៈសម្រាប់ពាណិជ្ជកម្មសកល ខណៈក្រុងវ៉ាស៊ីនតោនដកខ្លួនថយ

ដោយ៖សតារា


ចែករំលែក៖