ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់រត់រួច​ ពីរនាក់ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងល្បាត​នៃកងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​បានឃាត់ខ្លួនជនសង្ស័យ២នាក់​ ក្នុងចំណោមបក្ខពួក៣នាក់​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីវេលាម៉ោង៣និង០០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនបានរួមមាន​ ទី១-ឈ្មោះ ធី សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ផាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​ ចំណែកវត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាចំនួន៣ថង់ធំល្មម, ម៉ូតូចំនួន ១គ្រឿង ,កាបូបស្ពាយចំនួន១ ,កំប៉ុងស្ករគ្រាប់mentos ពណ៌ខៀវចំនួន១។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង០០នាទីរំលងអធ្រាត្រកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLets (លេត) ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1AF-3973 ភ្លាមនោះសមត្ថកិច្ចក៏ហៅឲ្យឈប់ម៉ូតូដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែឈ្មោះ ខ្លា ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ បានចុះពីលើម៉ូតូ រត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យចំនួន២នាក់ គឺឈ្មោះ ធី សត្យា និងឈ្មោះ ផាន់ សុភ័ក្រ្ត ត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៣ថង់ធំល្មមនៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ធី សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធី​នៃច្បាប់តែម្ដង​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖