ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ចៅសង្កាត់ សមាជិក-សមាជិកា គណៈកម្មការរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។ ពិធីនេះប្រព្រឹត្តទៅ ក្នុងបរិវេណនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ ត្រូវបន្តធ្វើអាជីវឬបង្កបង្កើនផល និងអាស្រ័យផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីមានកម្មសិទ្ធិស្របច្បាប់ ប្រសើរជាងការលក់ដដែលអាចទទួលបានផលតែម្តង ហើយនឹងបាត់បង់ផលនោះជារៀងរហូត។

តាមការបញ្ជាក់របស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ៖ មន្ទីរបានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានក្បាលដីសរុបចំនួន៦.៣៣០ក្បាលដី ដែលមានទំហំសរុបស្មើនឹង ៦,៦៨៨.៧៨ហិកតា និងចំនួនគ្រួសារសរុបមានចំនួន២,៩៤៩គ្រួសារ៕

ដោយ៖ សិលា


ចែករំលែក៖