ខេត្តបន្ទាយមានជ័យ៖ ពិតជាអនិច្ចាណាស់ ដែលបុរសជាឪពុកបាននាំកូនស្រី២នាក់ទៅដាក់បង្កៃយកត្រីធ្វើឲ្យកូនទាំង២នាក់នោះចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ម្នាក់និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ។
ករណីក្មេងលង់ទឹកនេះកើតឡើងកាលវេលាម៉ោង៤ រសៀល ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរស្ងួតចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំស្លាប់ជាបងស្រី និងប្អូនស្រីឈ្មោះ ខន សុខលីន អាយុ២ឆ្នាំត្រូវបានក្រុមគ្រួសារយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកមង្គលបូរី ។
លោកអធិការបន្តថានៅមុនពេលកើតហេតុនោះឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើហើយបានយកកូនស្រីទាំង២នាក់ទៅជាមួយដែរ។ស្របពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយជាធម្មតា។ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹកក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះរួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។ក្រោយពេលដែលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក ប្អូនស្រីឈ្មោះ ខន សុខលីនសង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំជាបងស្រីបានស្លាប់។
សាកសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគពន់ពេក៕ដោយ៖ វណ្ណា