ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់គោដើរអនាធិបតេយ្យតាមផ្លូវដាក់ទ្រុងរង់ចាំម្ចាស់

ចែករំលែក៖

ប៉ោយប៉ែត៖ ហ្វូងគោប្រមាណជាង៥០ក្បាលដែលម្ចាស់លែងឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែតត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែតចាប់ដាក់ទ្រុងតាំងពីថ្ងៃទី១៩និងទី២០ខែវិច្ឆិកាឆ្នាំ២០២០។

 ពលរដ្ឋនិយាយថា ចំណាត់ការទៅលើហ្វូងគោដែលដើរប្រសេចប្រសាចលើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែតបង្កការលំបាកដល់អ្នកធ្វើដំណើរ ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ជុះអាចម៍លើផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភណភាព និងខូចសណ្ដាប់ធ្នាប់សង្គមយូរឆ្នាំមកហើយមិនទាន់មានវិធានការលើម្ចាស់គោណាម្នាក់ឲ្យសមស្របតាមផ្លូវច្បាប់នោះ គឺពេលនេះពួកគាត់ត្រេកអរខ្លាំងណាស់ចំពោះវិធានការរបស់សមត្ថកិច្ចខាងលើ។ 

ពលរដ្ឋបន្តថា ពួកគាត់សប្បាយចិត្តចំពោះវិធានការរបស់សមត្ថកិច្ចទៅលើហ្វូងគោទាំងនេះដែលលែងចោលទាំងថ្ងៃទាំងយប់ ជូនកាលដើរចូលក្នុងផ្សារស៊ីបន្លែផ្លែឈើ បើសិនជាអ្នកលក់កំពុងជាប់រវល់មិនបានមើលទេនោះវានឹងអាចសុីផ្លែឈើទាំងនោះខ្ទេចខ្ទីមិនខាន។ មិនតែប៉ុណ្ណោះបើនៅតាមគេហដ្ឋានវិញមានពាងទឹកតាមមុខផ្ទះមិនបានគ្របត្រឹមត្រូវប្រាកដជាត្រូវសត្វគោយកមាត់ជ្រលក់គ្រប់ផ្ទះជាមិនខាន។បញ្ហាហ្វូងគោសមត្ថកិច្ចបានណែនាំច្រើនដងមកហើយពុំបានធ្វើតាមការសន្យារបស់សមត្ថកិច្ចទេ ទើបតែពេលនេះសមត្ថកិច្ចចាត់វិធានការតែម្ដង។

 បញ្ហាខាងលើលោកមេប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែតលោក អុឹម សុភារៈប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ក្រោយពីចាប់ហ្វូងគោដែលដើរតាមផ្លូវសាធារណៈមកឃើញមានម្ចាស់ជាច្រើនមករកគោរបស់ខ្លួនដែលកម្លាំងសមត្ថកិច្ចចាប់ឃុំទុករកមុខម្ចាស់ ។

លោកបញ្ជាក់ថា ចំពោះម្ចាស់គោនៅពេលនេះសមត្ថកិច្ចកំពុងឲ្យម្ចាស់ធ្វើកិច្ចសន្យានិងអប់រំ រួចហើយឲ្យយកគោរបស់ខ្លួនទៅផ្ទះវិញ ហើយដរាបណាមានហ្វូងគោដើរតាមផ្លូវសាធារណៈទៀតម្ចាស់គោនឹងទទូលខុសត្រូវចំពោះមុខច្បាប់ដែលខ្លួនធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចឬក៏ផាកពិន័យតាមកិច្ចសន្យាកំណត់៕ វណ្ណា


ចែករំលែក៖