ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមចូលលួចរថយន្តមិនបានប្រទះឃើញម៉ូតូលួចយកទៅដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ចោរមួយក្រុមមានទាំងកាំភ្លើងខ្លីជាប់នឹងដៃផងនោះ បានចូលទៅធ្វើសកម្មភាពបម្រុងលួចរថយន្តរបស់ប្រជាពលរដ្ឋ តែលួចមិនបានក៏ចូលទៅលួចម៉ូតូវិញបានដោយសុវត្ថិភាពរួចគេចខ្លួនបាត់។ ហេតុការណ៍ក្រុមចោរចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង១យប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

ស្រ្តីជាម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងថា កាលពីយប់រំលងអធ្រាតខណៈដែលពួកគាត់ដេកស្ងាត់អស់ហើយនោះ ស្រាប់តែមានចោរមួយក្រុម ដែលមានគ្នាចំនួន៤នាក់ បានជិះរថយន្តពណ៌ក្រហមមួយគ្រឿងក្នុងនោះមានម្នាក់កាន់កាំភ្លើងខ្លី១ដើមជាប់នឹងដៃបានមកឈប់នៅមុខផ្ទះរបស់ប៉ានាង ក្នុងគោលបំណងលួចរថយន្ត ដែលចតខាងមុខផ្ទះ ចំនួន២គ្រឿង គឺរថយន្តហាយឡេនឌ័រ១គ្រឿង និង ឡិចស៊ីសRX៣៣០មួយគ្រឿង។ប៉ុន្តែពេលដែលធ្វើសកម្មភាពលួចឡាននោះលួចមិនបាន ។ បន្ទាប់មកក្រុមចោរនោះ បានដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់គ្នា រួចបើកទ្វាររបងចូលទៅលួចម៉ូតូររបស់នាងទុកនៅទីនោះដោយសុវត្ថិភាពតែម្តង  ។ ម៉ូតូដែលក្រុមចោរលួចទៅនោះម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១J-១៧៨៣ ពណ៌ខ្មៅ ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅភូមិរបស់នាងគឺធ្លាប់បាត់ម៉ូតូញឹកញាប់ដែរហើយ ដែលសកម្មភាពរបស់ក្រុមចោរនេះ គឺមុខសញ្ញាតែមួយ ដែលពួកគេប្រើប្រាស់រថយន្តពណ៌ក្រហមនេះ ។ ករណីនេះម្ចាស់ម៉ូតូស្នើឲ្យសមត្ថកិច្ចជួយបង្រ្កាបក្រុមចោរទាំងអស់នេះផង ។

  ពាក់ព័ន្ធនឹងករណីនេះ លោក ខូវ លីស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនេះហើយ ៕ដោយ៖ ចន្ថា

 


ចែករំលែក៖