ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបន្ទាប់ពីជនរូបនេះធ្វើសកម្មភាពលួចកាច់កម៉ូតូគេបានសម្រេចហើយរត់គេចខ្លួន ប៉ុន្តែត្រូវអស់លក្ខណ៍ក្រោមកណ្តាប់ដៃសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៦នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០  នៅត្រង់ចំណុចហាងអ៊ុតសក់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក ចាន់ ហៅ យូ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ   សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះមឿង ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យ បានដើរពីរង្វង់មូលនាគព័ន្ធសំដៅទៅទិសខាងត្បូង ពេលទៅដល់ខាងមុខហាងអ៊ុតសក់ទល់មុខសាលាដំបូងខេត្តស្វាយរៀង ក៏បានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ បញ្ឈរទុកនៅចិញ្ចើមផ្លូវខាងមុខហាងអ៊ុតសក់ ហើយមានជាប់កូនសោនៅជាមួយផងនោះក៏លួចយក រួចជិះចេញទៅទិសខាងត្បូងបាត់ទៅ។

ប្រភពដដែលបន្តថា ក្រោយមកទើបជនរងគ្រោះដឹងថាបាត់ម៉ូតូក៏រាយការណ៍ជូនសមត្ថកិច្ច។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យនាំខ្លួនបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ យឺម សុថាន

 


ចែករំលែក៖