ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍

ចែករំលែក៖

មានរឿង​ព្រេង​មួយ​ដំណាល​ថា មាន​បុរស​កម្ជិល​ម្នាក់ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ មាន​កិរិយា​មារយាទ​ល្អ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កម្ជិល​ចេះ​តែ​ពី​ដេក ដល់​ឃ្លាន​បាយ ទើប​ក្រោក​ឡើង​ស៊ី ៗ រួច​ដេក​ទៅ​វិញ សូម្បី​ថ្នាំ​ជក់ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី មិន​មាន​ពាក្យ​អាក្រក់​ទៅ​លើ​ប្ដី​សោះ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ នាង​រៀប​ស្លា ៥ ម៉ាត់ បារី ៥ ចូល​ទៅ​ក្រាប​សំពះ​ប្ដី ហើយ​ថា « ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី ត្បិត​យើង​សព្វ​ថ្ងៃ​ក្រ​ណាស់ យើង​មិន​បាន​រក​ស៊ី គ្មាន​ទទួល​ទាន​ទេ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ ធ្វើ​នង្គ័ល រនាស់​ធ្វើ​ស្រែ​នឹង​គេ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ » ។ ប្ដី​ថា​បើ​ដូច្នោះ ឲ្យ​នាង​ដាំ​បាយ វេច​ជា​សំណុំ​ចុះ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ ធ្វើ​នង្គ័ល រនាស់ ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ វេច​ជា​កញ្ចប់ មាន​ទាំង​ដឹង ពូថៅ​ទៅ​ផង ។ បុរស​កម្ជិល​ដេក​ទាល់​តែ​ថ្ងៃ​រះ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង, ដល់​ក្រោក​ហើយ ប្រពន្ធ​ដង​ទឹក​ទៅ​លប់​មុខ​ឲ្យ​រួច​ស្រេច នាង​ក៏​ហុច​ស្លា​បារី នឹង​បាយ​កញ្ចប់ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុរស​នោះ​ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ចូល​ក្នុង​ព្រៃ​រក​ឈើ, បាន​ឃើញ​ឈើ​មួយ​ដើម មាន​មែក​សាខា​ម្លប់​ជាក់ ក៏​ដាក់​បាយ​សំណុំ ដឹង ពូថៅ ហើយ​ដេក​គង​អន្ទាក់​ខ្លា មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា «មែក​ឈើ​នេះ ត្រូវ​ធ្វើ​ជា​ផ្នៀង​នង្គ័ល, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម , មែក​នេះ​ត្រូវ​ធ្វើ​ជា​ដង មែក​នេះ​ត្រូវ​ជា​នឹម មែក​នេះ​ត្រូវ​ធ្វើ​ជា​រនាស់ ។ គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ី ៗ​រួច ដេក​ថា​ដូច​មុន​ទៀត , ថ្ងៃ​រសៀល​ត្រឡប់​មក​ផ្ទះ​វិញ» ។ ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី ហើយ​សួរ​ថា «អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង ! ចាំ​ស្អែក​សឹម​ទៅ​ទៀត ដល់​កន្លែង​ដើម​ឈើ​នោះ​ហើយ, រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ ឮ​បុរស​កម្ជិល​ថា​ដូច្នោះ ក៏​ភ័យ ខ្លាច​រក​កន្លែង​នៅ​គ្មាន ក៏​គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កម្ជិល​នោះ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុរស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ យក​ទឹក​លាង​ជើង​ប្ដី ។ ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ ទេវតា​ចូល​មិន​ចុះ មិន​ហ៊ាន​វាយ ។ បុរស​នោះ​រួច​ពី​អន្តរាយ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ និយាយ​ដូច​មុន​ទៀត​ថា « បាន​សព្វ​គ្រប់​អស់​ហើយ ព្រឹក​នឹង​ទៅ​កាប់» ។ ទេវតា​ភ័យ​ណាស់​ថា «បុរស​នោះ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ » ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា «សុំ​កុំ​កាប់​ឈើ​នោះ»។ បុរស​ថា « អញ​មិន​ព្រម​ទេ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ» ។ ទេវតា​ភ័យ​ណាស់ ក៏​នាំ​គ្នា​និយាយ​សូក ដោយ​ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ឲ្យ​បុរស ៗ​សួរ​ថា « ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង ? » ។ ទេវតា​ថា​ពីរ​កន្លែង បុរស​ថា « មិន​ព្រម​ទេ, បើ ៤ កន្លែង​ទើប​ព្រម ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង » ។ ទេវតា​ក៏​ព្រម​ធ្វើ​តាម កុំ​ឲ្យ​តែ​កាប់​ដើម​ឈើ​នោះ ។ បុរស​ថា « បើ​ដូច្នោះ ខ្ញុំ​លែង​កាប់ , តែ​ថា​ព្រឹក​នេះ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ » ។ ទេវតា​ថា « ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ » ។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​ទេវតា​ឲ្យ, ក្នុង​កំណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ជញ្ជូន​បី​ថ្ងៃ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ ។ នាង​នោះ ក៏​រៀប​ចំ​ដាក់​ហិប ដាក់​ឡាំង មិន​ឲ្យ​អ្នក​ណា​ឃើញ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់ លក់​ជា​ជំនួញ​រឹត​តែ​មាន​ឡើង​ៗ បាន​ជា​សេដ្ឋី មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន រាប់​មិន​អស់ ៕

(ទ្រព្យ​គង់​ត្បិត​ស្រី ចេះ​សំចៃ​ទុកផ្ទះ​ធំ​ស្រណុក ត្បិតល័ក្ខណ៍ស្រីជា)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖