ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាមុខសញ្ញាគាស់ផ្ទះក្រោយធ្វើសកម្មភាពបានមួយថ្ងៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា អនុវត្តតាមវិធានការពង្រឹងសន្តិសុខសង្គមនៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២០នេះកម្លាំងការិយាល័យជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងនៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ូច សា​លូន ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ-សង្កាត់កន្លែងកើតហេតុខាងលើបានរងគ្រោះដោយត្រូវជនសង្ស័យលួចគាស់ផ្ទះនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០។

 នគរបាលជំនាញនៃស្នងការដ្ឋានបានឱ្យដឹងបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា។ ពេលបង្ក្រាបឃាត់ខ្លួនជនសង្ស័យនោះកម្លាំងជំនាញដកហូតបាននូវទ្រព្យសម្បត្តិមួយចំនួនរួមមាន កាបូបដៃតូចចំនួន១ដែលក្នុងកាបូបនោះមានខ្សែដៃពណ៌ទឹកប្រាក់១ខ្សែ, ផ្លាកដៃ ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូ, បន្តោងពណ៌សលាយស្វាយចំនួន១គ្រាប់ផងដែរ។ 

   ទន្ទឹមនឹងការឃាត់ខ្លួនចំពោះមុខនេះសមត្ថកិច្ចបាននិងកំពុងសាកសួរបន្ថែម ដើម្បីរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យក៏ដូចជាវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

ដោយ៖ស សារ៉េត


ចែករំលែក៖