ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វដពាក់ស្លាកលេខខ.ម បើកលឿនមិនប្រយ័ត្នដល់ផ្លូវកោងជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយរងររបួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តពណ៌សម៉ាកហ្វដពាក់ស្លាកលេខខ.ម បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឱ្យធ្លាក់ផ្លូវចូលក្នុងប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨៖២៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោង ចំណុចត្រពាំងក្បាលដំរី  ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា:  ជនរងគ្រោះដែលជាអ្នកបើកបររថយន្តរងគ្រោះខាងលើឈ្មោះ អ៊ួន ឈិត ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង រួមដំណើរជាមួយប្រពន្ធ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាកហ្វដពាក់ស្លាកលេខ ខ.ម 2-4473 រួមដំណើរជាមួយប្រពន្ធក្នុងគោលបំណងចូលរួមពិធីមង្គលការគេនៅខេត្ត តែមកដល់ចំណុចខាងលើរថយន្តក៏បានរេចង្កូតធ្វើឲ្យក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ប្តីរងរបួសស្រាលទាំងពីរនាក់ ត្រូវបានគេជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំព្រះរំកិល និងដឹកបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

បច្ចុប្បន្នរថយន្តដែលរងការខូចខាតខាងលើ ត្រូវបានប្រគល់ជូនអង្គភាពវិញ ចំណែកជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

ដោយ៖មាស សុផាត


ចែករំលែក៖