ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងឆ្មក់បង្ក្រាបចោរលួចកាច់កម៉ូតូបីនាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញនៃ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតម៉ូតូ៣គ្រឿង នៅចំណុចប្រព្រឹត្តលួចផ្សេងគ្នា។
បើតាមរបាយការណ៍សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ខន ថារិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខេ សង្កាត់ សាមគ្គី ក្រុង-ខេត្ត-ស្ទឹងត្រែង ។
ជនសង្ស័យទី២-ឈ្មោះ ហ៊ី មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដឹកឈើ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង ។
ជនសង្ស័យទី៣-ឈ្មោះ អោម វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។
តែសំណាងល្អសមត្ថកិច្ចបានធ្វើការបង្ក្រាបទាន់ពេល ខណៈជនសង្ស័យឈ្មោះខន ថារិទ្ធិ យកម៉ូតូពណ៌ក្រហមរបស់ជនរងគ្រោះដែលខ្លួនលួចបានយកមកធ្វើសោនៅតូបជួល នៅចំណុចជិតផ្លូវបំបែកផ្លូវកាំងមេម៉ាយ ម្ដុំផ្សារគីឡូ២ ទើបសមត្ថកិច្ចបង្ក្រាបបាន ក្រោយពេលបានទទួលពាក្យបណ្តឹងពីម្ចាស់ម៉ូតូពណ៌ក្រហម រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ និងមួយគ្រឿងទៀតពណ៌សដែលមានម្ចាស់រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាតំបូងខេត្តស្ទឹងត្រែង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ និងដកហូតម៉ូតូ៣គ្រឿង នាវេលាម៉ោង៨៖៣០នាទី នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចតូបជាងធ្វើសោ ជិតផ្លូវបំបែកកាំងមេម៉ាយ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

របាយការណ៍បានបញ្ជាក់ទៀតថា: ក្រោយធ្វើការសួរនាំជនសង្ស័យឈ្មោះខន ថារិទ្ធិ ខាងលើបានសារភាពថា ខ្លួនមានគ្នា២នាក់ផ្សេងទៀត កំពុងស្នាក់នៅសណ្ឋាគារសេកុងស្តារ ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យពីរនាក់បន្តទៀត នៅថ្ងៃខែដដែល នៅចំណុចសណ្ឋាគារសេកុងស្តារ រួមនឹងម៉ូតូ២គ្រឿងបន្ថែមទៀត។
លទ្ធផលកម្លាំងជំនាញ បានធ្វើការឃាត់និងដកហូតយកវត្ថុតាងរួមមាន: ដែកចុងស្រួច ឧបករណ៍កាច់សោម៉ូតូ ចំនួន៣, សោទីប១,គ្រឿងញៀនមួយកញ្ចប់តូច,
ម៉ូតូចំនួនបីគ្រឿង ម៉ាកវ៉េវអាល់ហ្វា ២គ្រឿង ពណ៌ស១គ្រឿងនិងពណ៌ក្រហម១គ្រឿង និងម៉ូតូម៉ាកអិចសិនធើរ ពណ៌ខ្មៅ១គ្រឿង។
ក្រោយធ្វើការសាកស៊ូរជនសង្ស័យទាំង ៣នាក់ខាងលើរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ មាស សុផាត


ចែករំលែក៖