ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការងារបង្កបង្កេីនផលការស្តារស្រូវឡេីងវិញ និងជួបសំណេះសំណាលជាមួយបងប្អូនកសិករ ក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និង ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
តាមរយៈទេសរដ្ឋមន្ត្រីរបងប្អូនប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូនពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។
បងប្អូនប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ លោកទេសរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។
សូមបញ្ជាក់ជូនថា ការងារស្តារឡើងវិញបានលទ្ធផលប្រមាណជាង៥០% ក្នុងនោះ ខេត្តបាត់ដំបងបាន ៥,៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិកតា និង ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិកតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១,១៦៩ ហិកតា ហើយអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងបន្តកិច្ចការនេះបន្ថែមទៀតដើម្បីគ្រប់តាមផែនការ៕
ដោយ៖ សិលា