ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូបុកអ្នកថ្មើរជើងស្លាប់និងរងរបួសធ្ងន់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកអ្នកដើរតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០(ខាងលិចផ្សារកំពង់រោទ៍២០០ម៉ែត្រ)ស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះទេព ទាន់ អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកំពង់រោទ៍ ឃ៉ំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់មានឈ្មោះសោម ហាំ អាយុ៣៥ឆ្នាំមុខរបរគ្រូបង្រៀនមានទីលំនៅភូមិកំពង់រោទ៍ ឃ៉ំញ ស្រុកកំពងរោទ៍។

ប្រភពបន្តថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ
២០១១ ពាក់ស្លាកលេខភ្នំពេញ១AE-០៦៧៣ សង្ស័យស្រវឹងស្រានៅខាងលិចផ្សារកំពង់រោទ៍ប្រហែលជា២០០ម៉ែត្រស្រាប់តែទៅបុកនិងអ្នករថ្មើរជើងតាមផ្លូវម្នាក់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុអ្នករងរបួសទាំងសងខាងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែដោយអ្នកថ្មើរជើងមានរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ទៅបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ចំណែកវត្ថុម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ យឹម សុថាន


ចែករំលែក៖