ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ បានទទួលសម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិន រួមមានៈ
១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង
២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ
៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង
ក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ សម្ភារ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ:។ ជំនួយជាសម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕
ដោយ៖ សិលា