ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់លោកអើយចេញពីធ្វើការសំណង់នាំបងប្អូនស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើងនឹងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាស។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះព្រីម សុខា ភេទប្រុសអាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។
ចំណែកម្នាក់ទៀតឈ្មោះព្រីម ឃីញ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅជាមួយគ្នានិងស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ។ ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គិភ័យត្រូវបានរលត់ទៅវិញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាននិងជំនាញបានចុះមកកន្លែងកើតហេតុខាងលើកំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖