ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិច​បេីកឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយ ស្តារិច មួយគ្រឿងបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ លេខ២៣៣  ខាងកើតស្តុបសន្ធរមុខប្រហែលជាង១០០ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីមួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IF-3027ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2571បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត​(បញ្ច្រាសទិសគ្នា)បានបត់ឆ្វេងមកផ្លូវលេខ២៣៣​ ហេីយក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖​​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖