ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៣នាក់​ជាប់ពាក់ព័ន្ធ​ករណីលួច(ខោរោងចក្រ)​ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

    ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់​ កាលពីថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដែលពួកគេជាប់ពាក់ព័ន្ធនឹងករណី​លួច (ខោរោងចក្រ) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ នៅត្រង់ចំណុចរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     សមត្ថកិច្ចខណ្ឌដង្កោ​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តាយ មានទីលំនៅផ្ទះលេខ២១៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។  ចំណែកជនសង្ស័យ៣នាក់ រួមមាន​ ៖​

ទី១-ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទី២-ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទី៣-ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

 -វត្ថុតាងចាប់យកមាន ទូរស័ព្ទដៃម៉ាក Iphone5 ពណ៌ទឹកប្រាក់ចំនួន១គ្រឿង។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុននឹងឈានដល់ការឃាត់ខ្លួនសង្ស័យខាងលេីគឺកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ កំពុងតែនៅផ្ទះលេខ២១៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ ប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន៨កាតុង គិតជាទឹកប្រាក់មានចំនួន២០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ទើបដឹងថាជនសង្ស័យទី១ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ទី២ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ហើយជនរងគ្រោះបានធ្វើការពិនិត្យខោអាវដែលស្តុកទុកនៅក្នុងឃ្លាំងសម្ភារ រួចជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយធ្វើអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង២នាក់ខាងលើយកទៅធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ 

    បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរទៅលើជនសង្ស័យទាំង២នាក់ ពួកគេ (ជនសង្ស័យ) បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបានគឺយកទៅលក់ឱ្យជនសង្ស័យឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គីមស្រេង បានម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបន្ត ។ 

    ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួច និងទិញខោរបស់រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើកប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖