ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសពក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីដោះស្រាយការលំបាក ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៧យប់ មានករណីគ្រោះអគ្គិភ័យមួយកេីតឡេីងនៅចំណុចបន្ទប់ជួលខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម ចំណែកបុរសម្នាក់ទៀតជាបងប្អូនបង្កើតរងរបួសស្រាល ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ១-ព្រេង ខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បាត់បង់ជីវិត។
២-ឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល។ជងរងគ្រោះទាំង២នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយទើបតែមកស្នាក់នៅក្នុងបន្ទប់ជួលនេះបាន២ថ្ងៃប៉ុណ្ណោះ ។
សមត្ថកិច្ចសន្និដ្ឋានថា អគ្គិភ័យនេះ បណ្តាលមកពីការផ្ទុះចង្ក្រានហ្គាសដែលកំពុងចម្អិនម្ហូប ហើយឆាបឆេះម៉ូតូមួយគ្រឿងនៅក្បែរនោះបណ្តាលឱ្យជនរងគ្រោះរត់មិនទាន់ក៏ត្រូវភ្លើងឆាបឆេះដួលស្លាប់នៅក្នុងបន្ទប់តែម្តង។
ភា្លមៗនោះដែរ ក៏មានវត្តមានលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ ដោយបានឱ្យរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានបាញ់ទឹកនោះទេព្រោះនៅពេលរថយន្តមកដល់ភ្លើងបានរលត់ទាំងស្រុងទៅហើយ ។
ជាមួយនេះ ដោយមានការអាណិតនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានជូនថវិកាមួយចំនួនដល់ក្រុមគ្រួសារសព ដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន ៕
ដោយ៖ ចន្ទ លីហ្សា