នាវាមុជទឹកដើរដោយថាមពលបរមាណូKazan បានបាញ់មិស៊ីលឆ្លងទ្វីបKalibr ចំគោលដៅនៅចម្ងាយដល់ទៅ១០០០គីឡូម៉ែត្រ ។
សារព័ត៌មាន រុស្ស៊ី TASS បានដកស្រង់ការប្រកាសរបស់កងពលប្រចាំភាគខាងជើងនៃកម្លាំងទាហានជើងទឹករុស្ស៊ីដែលបានបញ្ជាក់ថា មីស៊ីលឆ្លងទ្វីបបានបាញ់ចេញពីនាវាមុជទឹកKazanទៅកាន់គោលដៅនៅទីតាំង Chizhaដោយជោគជ័យ។ នេះជាការសាកល្បងដ៏សំខាន់មុនពេលដាក់ឲ្យដំណើរការនាវាមុជទឹកដើរដោយថាមពលបរមាណូKazan។ នាវាមុជទឹកនេះបានផលិតកាលពី១១ឆ្នាំមុន ហើយបានដាក់ចុះទឹកនៅឆ្នាំ២០១៧ ។
តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ី នាវាមុជទឹក Kazan មានប្រវែងដល់ទៅ១២០ម៉ែត្រ មានចំណុះ១៣៨០០ តោន អាចមុជទឹកជម្រៅដល់ទៅ៥២០ម៉ែត្រ មាននាវិក៦៤នាក់។
នាវាមុជទឹកប្រភេទនេះបានបំពាក់បំពង់(កាណុង)បាញ់មីស៊ីលត្រង់ ដល់ទៅ៨បំពង់ អាចបាញ់មីស៊ីល
បានដល់ទៅ៣២ដើម ប្រឆាំងនាវាចម្បាំងប្រភេទP-800 Oniks និង មីស៊ីល 3M-54 Kalibr ដល់ទៅ៤០ដើម។ នេះជានាវាមុជទឹកទំនើបបំផុតដែលអាចតទល់ជាមួយសត្រូវបាន៕
ដោយ៖ធី រីណា