ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបុរសម្នាក់រួចមកបានបន្តទៅឃាត់ខ្លួនចំនួន៧នាក់បន្ថែមទៀត ដកហូតសារធាតុញៀនជាង២០០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់និងបានដកហូតវត្ថុតាងគ្រឿងញៀន ចំនួន២០៩កញ្ចប់តូចធំ ។ 

   លុះមកដល់វេលាម៉ោង១១និង០០នាទី​ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានប្រើប្រាស់វិធានការយកចម្លើយ ហើយជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ស៊ីន (មេខ្លោង) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ប៉ុន្តែជនសង្ស័យដឹងខ្លួនទាន់បានរត់គេចខ្លួនបាត់។ ដោយអនុវត្តតាមគោលការណ៍ដឹកនាំ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍បានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌចុះធ្វើការបង្ត្រាបជាក់ស្តែង ហើយឆែកឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ ផ្លូវភ្លើងបន្ថែមរកឃើញវត្ថុតាងជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ចំនួន១ដើមនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់(ប្រុស) បន្ថែមទៀតដែលជាបក្ខពួកជនសង្ស័យ។

   បន្ថែមពីនេះទៀត ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដ៏ធំមួយនៅតំបន់ចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន ២០៩កញ្ចប់(ក្នុងនោះមានកញ្ចប់ធំចំនួន៣កញ្ចប់) និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។

   គួរបញ្ចាក់ផងដែរថា កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដឹកនាំកិច្ចប្រតិបត្តិការនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតំបន់រថភ្លើង ផ្លូវR6 មុខរបរមិនពិតប្រាកដ។

  លើសពីនេះទៀតផងដែរ កន្លងមករហូតដល់បច្ចុប្បន្ននេះ លោកឃួង ស្រេង អភិបាលរាជធានី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនិងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តែងតែណែនាំ ដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទឱ្យយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអំពើលួច ឆក់ ប្លន់ ជួញដូរគ្រឿងញៀននេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាច ជាពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ តំបន់ផ្លូវរថភ្លើង (បឹងកក់)នេះ។

    បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌឃាត់និងដកហូត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

 

ដោយ៖ រ៉ារ៉ា


ចែករំលែក៖