នៅថ្ងៃទី២៤ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីស្រាអែល លោកBenjamin Netanyahu បានប្រកាសថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារ៉ែនក្នុងពេលឆាប់ៗនេះតាមការអញ្ជើញរបស់ព្រះរាជបុត្រ Salman al-Khalifa។
នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សាតាមទូរស័ព្ទជាមួយព្រះរាជបុត្រ បារ៉ែន នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ថា «ប្រទេសទាំងពីរមានបំណងចង់បានសន្តិភាពដើម្បីឲ្យពលរដ្ឋរស់នៅបានសុខសាន្ត។ទាំងនោះហើយទើបព្រះរាជបុត្រ al-Khalifa អញ្ជើញខ្ញុំបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់បារ៉ែន។
កាលពីថ្ងៃទី១៨ខែវិច្ឆិកា គណៈប្រតិភូប្រទេសបារ៉ែនបានបំពេញទស្សនកិច្ចទៅកាន់អុីស្រាអែល ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសបង្កើតទំនាក់ទំនងការបរទេសជាផ្លូវការផងដែរ។ ភាគីទាំងពីរក៏បានសម្រេចបើកស្ថានទូតនៅក្នុងប្រទេសនីមួយៗ។
បារ៉ែននិងអុីស្រាអែលបានបង្កើតទំនាក់ទំនងក្រោមអធិបតីភាពរបស់អាមេរិក ហើយកាលពីថ្ងៃទី១៥ខែកញ្ញាប្រទេសទាំងពីរបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន ដែលមានប្រធានាធិបតីដូណាល់ ត្រាំចូលរួម។ អារ៉ាប់រួមនិងបារ៉ែន ជាប្រទេសតំបន់អារ៉ាប់បានសម្រេចបង្កើតទំនាក់ទំនងការបរទេសជាមួយអុីស្រាអែលចាប់តាំងពី អេហ្ស៊ីប បានបង្កើតទំនាក់ទំនងនៅឆ្នាំ១៩៧៩ និងហ្ស៊កដង់នៅឆ្នាំ១៩៩៤៕
ដោយ៖ធី រីណា