ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ចា្រសផ្លូវចរាចរណ៍ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ជិតក្លិបប្លូឡាញក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខកណ្ដាល1G-5520 ធ្វើដំណើរបញ្ចា្រសផ្លូវចរាចរណ៏ពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-1823 បើកដោយបុរសម្នាក់ធ្វើដំណើរពីជើងទៅត្បូងចំពេញទំហឹងផ្នែកខាងមុខខាងឆ្វេងបណ្ដាលឱ្យអ្នកជិះម៉ូតូបោកក្បាលនិេងកញ្ចក់រថយន្តរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ ដោយ៖ សុខាសែនជ័យ