ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពានទៅហើយក៏ស្រាប់តែរលត់ម៉ាស៊ីរអិលរថយន្តថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ រីឯរថយន្តបង្កបានធ្លាក់ចូលសួនតែសំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បេីតាមសម្ដីតៃកុងរថយន្តបង្កហេតុបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ខណៈបើកឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពានហើយ ក៏បានរលត់ម៉ាស៊ីន ហេីយគាត់ជាន់ហ្វ្រ័ងដែរតែមិនស៊ីបណ្ដាលឱ្យរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅឲ្យមកធ្វេីកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប ៕ ដោយ ៖ ភារ៉ា ដង្កោ