ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារតែអំណាចនៃទឹកប្តូរនិស្ស័យ បណ្តាលឲ្យចិត្តរបស់គាត់ខ្លាំងជាងខ្លាទៅទៀត បង្កបញ្ហាហិង្សាក្នុងគ្រួសាររាប់ ភ្លេច ហើយធ្លាប់ទាំងសមត្ថកិច្ចឃាត់ខ្លួន
នាំយកទៅអប់រំ ធ្លាប់ទាំងជាប់ពន្ធនាគារ ចេញមកវិញបន្តបង្កើតជម្លោះគំរាមវាយប្រពន្ធ កូនសាជាថ្មី រហូតដល់ចាប់បង្ខាំងកូនស្រីធ្វើឱ្យសមត្ថកិច្ចទៅរំដោះចេញទាំងយប់។ លុះដល់ព្រឹកក៏ផ្ទុះរឿងជាថ្មី និយាយគ្នាជាមួយប្រពន្ធមិនដាច់ស្រេច ផ្អើលដល់សមត្ថកិច្ចចុះទៅសម្របសម្រួល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងប្តីមានឈ្មោះ តាំង ស៊ុយហេង អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងជាមនុស្សប្រើប្រាស់ថ្នាំញៀន ផឹកស្រា រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកណ្តាល ។ ចំណែកភាគីខាងប្រពន្ធឈ្មោះសុខ វណ្ណេត អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត នៅខេត្តកណ្តាលដែរ ។ គ្រួសារខាងលើ រៀបការនឹងគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ មានកូន២នាក់ ប្រុស១នាក់ អាយុ១២ឆ្នាំ កូនស្រី១នាក់ អាយុ១៧ឆ្នាំ។
ប្រភពពីប្រពន្ធបានឲ្យដឹងថា ជាញឹកញាប់ប្តីរបស់គាត់តែងតែបង្កើតឱ្យមានហិង្សាក្នុងគ្រួសារ វាយប្រពន្ធ វាយកូន វាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ ហើយត្រូវសមត្ថកិច្ចហៅបុរសជាប្តីទៅអប់រំជាច្រើនលើក តែមិនរាងចាលសោះ ។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ចាប់ប្រពន្ធបោកផ្ទប់នឹងជញ្ជាំងដូចកូនកង្កែប វាយកូនស្រីបណ្តាលឲ្យរងរបួស ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿង រហូតដល់តុលាកាឃុំខ្លួនជាប់នៅពន្ធនាគារព្រៃស។ លុះចេញមកវិញ មិនកែប្រែ ប្រពន្ធសុំឲ្យផ្តិតមេដៃលេងលះ ក្នុងហេតុផលរស់នៅមិនចុះសម្រុងគ្នា ក៏ដោយសារតែប្តីកាចជាងខ្លា តែនៅមិនដាច់ស្រេច អូសបន្លាយរុាំរ៉ៃ គ្រួសាររស់នៅទាំងភ័យខ្លាច។ លុះមកដល់យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងគ្រួសារផ្ទុះរឿងហិង្សាបន្តទៀតរហូតដល់បុរសរូបនេះចាប់បង្ខាំងកូនស្រីក្រមុំបិទទ្វារជិត ដេញប្រពន្ធ កូនប្រុសចេញ បង្កឲ្យផ្អើលដល់សមត្ថកិច្ចចុះទៅរំដោះក្មេងស្រីរត់ចេញពីផ្ទះរួច ប្រពន្ធនិងកូននាំគ្នាគេចសិន រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ទៅប្តឹងនគរបាលឱ្យទៅអន្តរាគមន៍សាជាថ្មី ខណៈដែលប្តីប្រពន្ធទាំង២នាក់លែងលះគ្នានៅតុលាការមិនទាន់ដាច់ស្រេច ។
ដោយខ្លាចកើតហិង្សាដាក់គ្នាទៀត កម្លាំងសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រួសារ ភាគីទាំងសងខាងបានទៅសម្របសម្រួល ហៅឲ្យបុរសកំណាចបើកទ្វារចេញមកនិយាយគ្នា រកដំណោះស្រាយដោយសន្តិវិធីនៅតុលាកា ដើម្បីឲ្យដាច់ស្រេចរឿងចែកផ្លូវគ្នា ៕
ដោយ សុខាសែនជ័យ