ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង ដឹកនាំប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃពុធ ១០កើតខែមិគសិរឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានអញ្ជេីញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំរបស់ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អភិបាលរងខេត្តអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកញ្ច្រៀច។

ជាក់ស្តែងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយនិងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំស្រុក អោយកាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឳកាសនេះ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរអង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយជាអាទិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុកឲ្យកាន់តែល្អប្រសើរឡើង។

ជាថ្មីម្តងទៀត លោកអភិបាលខេត្តរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃបំផុតចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះនិងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ស តារា


ចែករំលែក៖