ភ្នំពេញ៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទីមួយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០នេះបានផ្ដោតសំខាន់ទៅលើការដោះស្រាយបញ្ហាទឹកលិចលង់នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរសម្រាប់ឆ្នាំក្រោយៗទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមានវិធានការទៅលើការដោះស្រាយនូវបញ្ហាការលិចលង់ដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះយើងបាននិងកំពុងទប់ទំនប់សណ្តស្ទឹងព្រែកត្នោតឲ្យបានខ្ពស់ ហើយការងារនេះយើងបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីពន្លឿនការងារនេះឲ្យបានលឿន កាត់បន្ថយបាននូវហានិភ័យរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាការលិចលង់ដោយទឹកជំនន់នេះ មានហានិភ័យខ្ពស់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោកប៉ា សុជាតិវង្ស ក្នុងឱកាសនោះក៏បានមានប្រសាសន៍ថា បញ្ហាលិចលង់នេះគឺជារឿងធំមួយដែលយើងត្រូវរួមគ្នាធ្វើការដោះស្រាយធ្វើយ៉ាងណាឱ្យបានប្រសើរ ជៀសវាងនូវការលិចលង់ដោយទឹកជំនន់ ។
លោក ប៉ា សុជាតិវង្ស ក៏បានកោតសរសើរផងដែរចំពោះអភិបាល ខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនឹងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកបានទាន់ពេលវេលា ។ លោកបានសម្តែងការកោតសរសើរដល់ការដឹកនាំនិងការខិតខំប្រឹងប្រែងខិតខំជម្នះការលំបាកក្នុងការប្រមូលដឹកសំរាមចេញពីទីក្រុង ក្នុងរយៈពេលដែលកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម ព្រមទាំងបានធ្វើចលនាឲ្យកម្មករក្រុមហ៊ុនស៊ីនទ្រីចូលធ្វើការឡើងវិញ ។
លោកប៉ា សុជាតិវង្ស ក៏បានអរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ចុះជំរុញនិងប្រជុំដកបទពិសោធន៍ការងារសមាគមមនុស្សចាស់តាមស្មារតីនៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានីភ្នំពេញ-ខណ្ឌអាណត្តិទី៣លើកទី១៤នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០។
លោកប៉ា សុជាតិវង្ស ក៏បានកោតសរសើរផងដែរលើការគ្រប់គ្រងដែនដីនគរូបនីយកម្ម សំណង់និងសុរិយាដី ដែលរបាយការណ៍មានវឌ្ឍនភាពនិងបានធ្វើការដោះស្រាយទំនាស់មួយករណីលើទំនាស់សរុប២៨ករណីដែលមាន ។ លោកក៏បានអរគុណចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការយកចិត្តទុកដាក់លើការងារថែទាំហេដ្ឋារចនាសម្ព័ន្ធដូចជាគំនូសចរាចរណ៍អនុវត្តបាន៨០០ម៉ែត្រការ៉េ នៅផ្លូវព្រះមុនីរ៉េតនិងផ្លូវសាលដឺហ្គោល ការលុបបំបាត់សំបុកមាន់អនុវត្តបាន ១៤៨២ម៉ែត្រការ៉េ
នៅលើផ្លូវតូចធំនានាក្នុងរាជធានីភ្នំពេញនិងការលុបស្នាមប្រេះអនុវត្តបាន ៣៥០ម៉ែត្រការ៉េ នៅផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦ ៕ សំរិត