ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួច និងជួញដូរគ្រឿងញៀន​ ត្រូវនគរបាលខណ្ឌដង្កោ​ ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការឃាត់ខ្លួន​ជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង​ ៣និង៣០នាទីទាបភ្លឺ​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ផ្លូវ១០៤ ភូមិក្រាំងក្រួចសង្កាត់ទៀន ខណ្ឌដង្កោ​ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពលួចសម្ភារប្រជាពលរដ្ឋ និងជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​ផងដែរ ។

​ សមត្ថកិច្ចខណ្ឌដង្កោ​ បានឲ្យដឹងថា​ ជនសង្ស័យទាំង៣នាក់រួមមាន​ ៖​ ទី១-ឈ្មោះ ប៉ាល់ ប៊ុនថន ហៅ ជ្រុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ,​ ទី២-ឈ្មោះ ឡុង ស៊ីដានី ហៅ ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ,​ និងទី៣-ឈ្មោះ សឿន សំបូរ ហៅ យួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀន) ។ចំណែក​ ជនរងគ្រោះឈ្មោះ ស៊ុន សារិន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ទីលំនៅភូមិទី២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​ ចំណែកវត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, កាំបិតប៉័ងតោចំនួន០២, ដង្កាប់ចំនួន០១, កាបូបស្ពាយពណ៌សូកូឡាចំនួន០១ , ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង, ទ្វារដែកចំនួន០១, ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, គ្រោងបង្អួចចំនួន០១ផ្ទាំង, ដែកពុម្ពសរសរចំនួន០៤ផ្ទាំង, ដែកកំណាត់តូចៗមួយចំនួន ។

​ សមត្ថកិច្ចខណ្ឌដង្កោ​ បានបន្តថា​ នៅវេលាទាបភ្លឺជនរងគ្រោះកំពុងដេកលង់នឹងដំណេកស្រាប់តែជនសង្ស័យទាំង៣នាក់ចូលមកធ្វេីសកម្មភាពលួចយកសម្ភារជាគ្រឿងសំណង់បានសម្រេច​ ភ្លាមៗនោះជនរងគ្រោះដឹងក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋាន​ ទេីបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បានជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងផងដែរ។

​ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលេីបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចសម្ភារគ្រឿងសំណង់របស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅលេីជនសង្ស័យ តាមច្បាប់តែម្តង៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖