ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមុិញ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការធ្វើអធិការកិច្ចបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយប្រតិបត្តិករផ្តល់សេវាអុីនធឺណេត (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងតំណាងប្រតិបត្តិករផ្តល់សេវាអិនធឺណិតនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីកំណែទម្រង់ផ្ទៃក្នុងក្រសួងក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងគុណភាព ព្រមទាំងកំណែទម្រង់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងជំរុញការប្រកួតប្រជែងស្មោះត្រង់។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រតិបត្តិករដូចខាងក្រោម៖
១. ត្រូវប្រកាសចំណូលជូនរដ្ឋ និងបង់ពន្ធឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
២. ត្រូវតភ្ជាប់ការបង្ហូរទិន្នន័យជាមួយមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) យ៉ាងយូត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត។
បន្ថែមលើកិច្ចពិភាក្សានេះ លោក រដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសរសេរលិខិតបញ្ជាក់ពីសំណូមពរ និងបញ្ហាប្រឈមដែលក្រុមហ៊ុនបានជួបប្រទះ ដើម្បីក្រសួងអាចពិនិត្យនិងផ្តល់ដំណោះស្រាយតាមស្ថានភាពជាក់ស្ដែង៕
ដោយ៖សិលា