ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញនេះ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី តបតាមសំណើរបស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ គួររំលឹកផងដែរថា ឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ។

ក្នុងជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមានបន្ទាប់ពីមានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត ០១ ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាលរបស់ខ្លួនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនេះនឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖