អគ្គកុងស៊ុលអុីតាលីប្រចាំទីក្រុងស៊ាងហៃកាលពីថ្ងៃអង្គារបានឲ្យដឹងថាលោក Steven Zhang អាយុ ២៩ឆ្នាំជាពាណិជ្ជករជនជាតិចិនត្រូវបានទទួលរង្វាន់ជាដៃគូនាំមុខគេ។ នេះបើយោងតាមសារព័ត៌មានចិន ស៊ីនហួរចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន។
ឆ្នាំនេះគឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិននិងអុីតាលី។ នេះគឺជាពានរង្វាន់តែមួយគត់ដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលអុីតាលីតាមរយៈអគ្គកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃនៅឯការប្រគំតន្ត្រីអបអរខួបលើកទី៥០កាលពីថ្ងៃអង្គារដែលបានទទួល ស្គាល់ការរួមចំណែករបស់លោក Steven Zhang ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន–អុីតាលី។
លោក Steven Zhang ដែលជាប្រធានក្រុមហ៊ុនសាន់នីងអន្តរជាតិជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលក់រាយចិនសាន់នីងហូល គ្រុបបានមានប្រសាសន៍ថា ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងផ្តល់ផលប្រយោជន៍ដល់សហគ្រាសរបស់ពួកគេហើយសាន់នីងអន្តរជាតិនឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយអុីតាលី។
ក្រុមហ៊ុន Suning International និង Suning Carrefour បានចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារពាណិជ្ជកម្មអុីតាលី (ITA) នៅឯពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី៣ (CIIE) ដើម្បីណែនាំម៉ាកយីហោអុីតាលីបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន។
កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Suning បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ITA នៅព្រឹត្តិការណ៍ពិព័រណ៌លើកទី ២ក្នុងឆ្នាំដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារវាងភាគីទាំងពីរអនុញ្ញាតឱ្យ ITA ជួយណែនាំម៉ាកអុីតាលីជាង១៥០មុខដល់ប្រទេសចិន។
នៅឆ្នាំ២០១៦ ក្រុមហ៊ុន Suning International បានទិញភាគហ៊ុនក្លិបInter Milan ហើយពីរឆ្នាំក្រោយមកលោក Steven Zhang ត្រូវបានជាប់ឆ្នោតជាប្រធានក្មេងជាងគេរបស់ក្លិប។
គួររំលឹកថា កាលពីរដូវកាល ២០១៩-២០២០ ក្រុម Inter Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌអុីតាលី Serie A ដើម្បីមានសិទ្ធិចូលរួមប្រកួតពានរង្វាន់ UEFA Champions League រដូវកាលនេះ។ យោងតាមក្រុមហ៊ុនគណនេយ្យ KPMG តម្លៃរបស់ភាគហ៊ុនរបស់ក្លិប Inter Milan បានកើនឡើង៤២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងកើនក្នុងឆ្នាំ២០២០ផងដែរ ៕ដោយ៖ភារៈ