សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះថា ប្រទេសអាហ្សង់ទីនបានធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃបន្ទាប់ពីវីរបុរសបាល់ទាត់ប្រទេសនេះគឺលោកឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona ) បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ ឆ្នាំ។ សពរបស់គាត់នឹងតម្កល់នៅរដ្ឋ Casa Rosada ដែលកន្លែងប្រារព្ធពិធីរបស់រដ្ឋាភិបាលអាហ្សង់ទីនក្នុងកំឡុងពេលនោះ។
ការធ្វើកោសល្យវិច័យក្រោយមរណភាពគ្រោងនឹងធ្វើឡើងនៅលើដងខ្លួនរបស់លោកម៉ារ៉ាដូណាកាលពីពុធបន្ទាប់ពីលោកបានទទួលមរណភាពនៅវេលាថ្ងៃត្រង់ម៉ោងក្នុងស្រុក នៅផ្ទះរបស់លោកតំបន់ Tigre ប្រទេសអាហ្សង់ទីន។
អតីតខ្សែបម្រើប្រយុទ្ធនិងអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានទទួលជោគជ័យក្នុងការវះកាត់លើកំណកឈាមខួរក្បាលកាលពីខែវិច្ឆិកា ហើយត្រូវបានទទួលការព្យាបាល ប៉ុន្តែដោយសារលោកពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹងធ្វើឲ្យជំងឺរបស់លោកធ្ងន់ធ្ងរ ព្យាបាលលែងជា។
ក្រោយទទួលមរណភាពរបស់លោកម៉ារ៉ាដូណា អ្នកចាត់ការក្លិបធំៗមួយចំនួននិងកីឡាករល្បីៗ ដែលធ្លាប់លេង និងស្គាល់លោកយ៉ាងច្បាស់បានបង្ហាញអារម្មណ៍ទុក្ខសោក និងសោកស្តាយ និងចងចាំពីកេរ្តិ៍ឈ្មោះរបស់លោកក្នុងពិភពបាល់ទាត់។
អតីតខ្សែបម្រើក្រុម Tottenham កីឡាករ Ardiles ដែលធ្លាប់លេងជាមួយម៉ារ៉ាដូណាក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៨២ បាននិយាយថាគាត់(ម៉ារ៉ាដូណា)គឺជា“ព្រះ” នៅប្រទេសអាហ្សង់ទីន និងនៅជុំវិញពិភពលោក។ គាត់នឹងត្រូវបានគេចងចាំថាជាអ្នកមានទេពកោសល្យក្នុងវិស័យបាល់ទាត់” ។
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថាMaradona “ធ្វើឱ្យបាល់ទាត់ពិភពលោកកាន់តែប្រសើរ។ មានបដាមួយនៅប្រទេសអាហ្សង់ទីនកាលពីមួយឆ្នាំមុនដែលខ្ញុំបានអានដែលនិយាយថាមិនថាអ្នកបានធ្វើអ្វីជាមួយជីវិតរបស់អ្នក វាមិនសំខាន់អ្វីដែលអ្នកធ្វើសម្រាប់ជីវិតរបស់យើងទេ ។ វាបង្ហាញយ៉ាងល្អឥតខ្ចោះនូវអ្វីដែលបុរសម្នាក់នេះបានផ្តល់ឱ្យយើង ចំពោះបាល់ទាត់ពិភពលោក” ។
អតីតគ្រូបង្វឹកក្រុម Tottenham និងជាអតីតខ្សែការពារអាហ្សង់ទីន Mauricio Pochettino បាននិយាយថា “Diego អ្នកគឺជាវីរបុរសនិងជាមិត្តរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានចែករំលែកបាល់ទាត់និងជីវិតជាមួយអ្នក” ។
ជាមួយគ្នានោះកីឡាករល្បីៗដូចជា Messi, Ronaldo ជាដើមក៏បានបង្ហាញអារម្មណ៍សោកស្តាយតាមបណ្តាញសង្គមរបស់លោកផងដែរ ដោយបានយករូបរបស់លោក ម៉ារ៉ាដូណា មកបង្ហោះក្នុងផេកផ្ទាល់ខ្លួនផងដែរ។
គួររំលឹកថា ក្រៅពីលេងឲ្យជម្រើសជាតិអាហ្សង់ទីន លោកម៉ារ៉ាដូណាធ្លាប់បានលេងឱ្យក្លិបរួមទាំងក្រុម Barcelona និងNapoli គឺជាប្រធានក្រុមនៅពេលដែលអាហ្សង់ទីនឈ្នះការប្រកួត World Cup ឆ្នាំ១៩៨៦ ដោយរកបានគ្រាប់បាល់ដ៏អស្ចារ្យពេលប៉ះអង់គ្លេសក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ៕ដោយ៖ភារៈ