ព័ត៌មានទាន់ហេតុការណ៍៖

កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុន Google ទទួលបានរបាយការណ៍ពីក្រុមហ៊ុនសន្តិសុខអុីនធឺណេត Palo Alto Networks ដែលបានអះអាងថាកម្មវិធីទាំងពីរមានប្រើកូដដើម្បីធ្វើការប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់។ 

យោងតាមអ្នកស្រាវជ្រាវរបស់ Palo Alto Networks បានឱ្យដឹងថា កម្មវិធីទាំងពីរនោះគឺ Baidu Maps និង Baidu Search Box ហើយពួកគេបានបង្ហាញថា ព័ត៌មានលម្អិតដែលកូដនោះប្រមូលបានមានដូចជា ម៉ូដែលទូរស័ព្ទ, MAC address, ព័ត៌មានអ្នកប្រើប្រាស់, និងលេខសម្គាល់ IMSI។ ក្នុងចំណោមព័ត៌មានទាំងអស់នេះ ព័ត៌មានទាក់ទងនិងលេខសម្គាល់ IMSI គឺមានហានិភ័យខ្ពស់បំផុត ព្រោះវាអាចឱ្យក្រុមហ៊ុនតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេបានប្ដូរទូរស័ព្ទក៏ដោយ។

សូមបញ្ជាក់ថា កម្មវិធីទាំងពីរនេះមានការទាញយកច្រើនជាង ៦លានដងមុនពេលត្រូវបានដកចេញពី Play Store។ មិនត្រឹមតែប៉ុណ្ណោះក៏មានបញ្ហាផ្សេងៗទៀតដែលត្រូវបានរកឃើញដោយក្រុមការងាររបស់ Google ហើយក្រុមហ៊ុន Baidu បាននិយាយថាបញ្ហាទាំងកំពុងតែធ្វើការដោះស្រាយហើយ។ បច្ចុប្បន្នកម្មវិធី Baidu Search Box ត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនក៏កំពុងតែកែសម្រួលកម្មវិធី Baidu Maps ដើម្បីនឹងបានដាក់បញ្ចូលទៅក្នុង Play Store វិញផងដែរ។

ទាំងនេះវាគឺជាបញ្ហាដ៏សំខាន់ដែលមិនត្រឹមតែជាបញ្ហាសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ ចំពោះកម្មធីជាច្រើនដែលកំពុងតែធ្វើការប្រមូលព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ដោយពុំមានការអនុញ្ញាត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានធ្វើការណែនាំជារឿយៗចំពោះការទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់ សូមមានការប្រុងប្រយ័ត្ន និងមិនត្រូវទាញយកកម្មវិធីណាដែលគ្មានប្រភពច្បាស់លាស់យកមកប្រើឡើយ៕

ដោយ៖ សិលា


ចែករំលែក៖