ខេត្តកំពង់ឆ្នាំង៖ មេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅស្រុកបរិបូរណ៍ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនបានភ្លាមៗក្នុងពេលដែលជនសង្ស័យបានត្រៀមធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យរូបនេះគឺធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ គឹម ស៊ុន អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បានរកឃើញវត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រមាញ់ជាយូរណាស់មកហើយ ប៉ុន្តែថ្ងៃនេះដោយទទួលបានព័ត៌មានច្បាស់ការណ៍សមត្ថកិច្ចបានឡោមព័ទ្ធចាប់ខ្លួនតែម្តង ។ នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ចន្ថា