អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលចិន បានបង្ហាញពីការខឹងសម្បារទៅនឹងរដ្ឋាភិបាលឥណ្ឌា ចំពោះការហាមប្រាមប្រើប្រាស់កម្មវិធីទូរស័ព្ទ (apps)ដែលគ្រប់គ្រង និងអភិវឌ្ឍដោយក្រុមហ៊ុនចិនក្រោមហេតុផលសន្តិសុខជាតិ។ ការហាមនេះ ក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីខែមិថុនាកន្លងទៅ ដែលជាសញ្ញានៃការបន្តរចុះដានដាបនៃទំនាក់ទំនងរវាងប្រទេសទាំង២។
ចំពោះការហាមរបស់ឥណ្ឌា មិនមែនជាលើកទី១ឡើយ ដែលមិនឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិន ក្រោយការប៉ះទង្គិចគ្នាតាមព្រំដែនឥណ្ឌាបានហាមកម្មវិធីទូរស័ព្ទចំនួន៥៩នៅខែមិថុនា និង១១៨បន្ថែមទៀតក្នុងខែកញ្ញា។ ចំណែកការហាមលើកទី៣នេះវិញ ឥណ្ឌាហាមមិនឲ្យប្រើកម្មវិធីចំនួន៤៣ផ្សេងទៀត ដែលក្នុងនោះក៏មានផងដែរកម្មវិធីរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ក្រោមហេតុផលការគំរាមទៅដល់អធិបត្យេភាព និងបូរណភាពឥណ្ឌា។
ក្រសួងបច្ចេកវិទ្យាអេឡិកត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា ការហាមនេះផ្អែកលើទិន្ន័យដែលកម្មវិធីទាំងនោះ ប៉ះពាល់ដល់អធិបត្យេភាព បូរណភាព ការការពារជាតិ និងសន្តិសុខរបស់រដ្ឋ ក៏ដូចសណ្តាប់ធ្នាប់សាធារណៈ។
ជាការឆ្លើយតបទៅនឹងការហាមនេះ រដ្ឋាភិបាលចិន បានអះអាងថា ខ្លួនមានសេចក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ចំពោះការប្រើលេសហេតុផលសន្តិសុខជាតិរបស់ឥណ្ឌា។ លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនាសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ថា៖« វិធីសាស្ត្រខាងលើ ច្បាស់ណាស់ បំពាននឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មអន្តរជាតិ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងប្រយោជន៍របស់ក្រុមហ៊ុនចិន»។ លោកZhao បានទាមទារឲ្យឥណ្ឌាពិចារណាសកម្មភាពរើសអើងនេះឡើងវិញ ដើម្បីបញ្ចៀសការខូចខាតកាន់តែធ្ងន់ធ្ងរក្នុងទំនាក់ទំនងទ្វេរភាគី។
សូមជម្រាបថា ការបិទកម្មវិធីទូរស័ព្ទបន្ថែមនេះ រួមមានកម្មវិធីដឹកជញ្ជូនAliExpress Lalamove ក៏ដូចជាកម្មវិធីណាត់ជួប និងផ្សាយផ្ទាល់ផងដែរ។ កន្លងទៅឥណ្ឌា បានហាមឃាត់កម្មវិធីដូចជា TikTok, WeChat, Weibo, Bingo Live, Baidu map, UC Browser និងហ្គេមអនឡាញMobile Legends។ កម្មវិធីខាងលើនេះ មានអ្នកប្រើប្រាស់ជាច្រើនលាននាក់នៅក្នុងប្រទេសឥណ្ឌា។ ក្រៅពីនោះ ហ្គេម PUGB Mobile, កម្មវិធីទូទាត់ប្រាក់ Alipay, ហ្គេម MARVEL Super War, កម្មវិធី Taobao ក៏ត្រូវហាម។
ក្រោយការប៉ះទង្គិចនៅតាមព្រំដែនកាលពីខែមិថុនាកន្លងទៅ ដែលបណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់ បានធ្វើឲ្យទំនាក់ទំនងឥណ្ឌានឹងចិន នៅបន្តមានភាពតានតឹងនឹងគ្នា ចំណែកចិនមិនបានបញ្ជាក់ពីចំនួនទាហានរបស់ខ្លួនដែលស្លាប់នោះទេ។ ក្រោយការប៉ះទង្គិចនេះ ប្រជាជនឥណ្ឌាបានបញ្ចេញអារម្មណ៍ប្រឆាំងនឹងចិន ដោយអំពាវនាវឈប់ទិញផលិតផលដែលនាំចូលពីចិន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ឥណ្ឌានាំចូលផលិតផលដូចជារបស់ក្មេងលេងសម្ភារៈក្នុងផ្ទះ សម្ភារៈគ្រឿងយន្ត និងដែកថែបពីចិនដែលមានតម្លៃរហូតដល់ទៅ៧៤,៩ពាន់លានដុល្លារ៕
ដោយ៖ស តារា