ខេត្តបន្ទាយមានជ័យ៖ ផ្លូវគ្រួសថ្មមិច និងគ្រួសក្រហមបីខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្រោយពីរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ត្រូវអាជ្ញាធរក្រុងប៉ោយប៉ែត ជួសជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ដោយមានការណែនាំពីលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ក្រោយពីជំនន់ទឹកភ្លៀងបានស្រក អាជ្ញាធរបានចុះពិនិត្យនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីអំឡុងខែតុលា កន្លងទៅ ហើយបានជួសជុលផ្ទះ ផ្តល់ពូជដំណាំរួមផ្សំផ្សេងៗ ក៏ដូចជាកែសម្រួលផ្លូវខ្វាត់ខ្វែងនៅតាមមូលដ្ឋានជាបណ្តើរៗ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោកអភិបាលក្រុងបញ្ជាក់ថា ដើម្បីជាការឆ្លើយតប នឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ លោកបានដឹកនាំក្រុមការងារយកគ្រឿងចក្រទៅឈូសឆាយ កៀរកិនបង្ហាប់ ជួសជុលស្តារឡើងវិញ នូវផ្លូវទាំង៣ខ្សែនេះ នៅក្នុងសង្កាត់និមិត្ត មានផ្លូវកូបធំ ផ្លូវដុញអារញ្ញ និងផ្លូវចូលភូមិថ្មសិន សរុបមានប្រវែងជាង១០គីឡូម៉ែត្រ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រឡុកធំៗ និងខូចខាតដោយទឹកហូរច្រោះផ្តាច់ បង្កផលលំបាកដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករក្នុងរដូវប្រមូលផលស្រូវ សម្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ងាយស្រួលក្នុងការបើកបរ ដឹកកសិផល និងផលដំណាំរួមផ្សំផ្សេងៗ យកទៅលក់នៅទីផ្សារ ប្រកបមុខរបររកស៊ីផងដែរ៕ដោយ៖វណ្ណា