ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនជាតិចិនដែលចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនឃាតកជនជាតិចិនដែលបានចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” តាមមាត្រា១១៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនត្រូវចោទមានឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ។

ក្រោយពីមានជម្លោះជាមួយប្រពន្ធជាជនជាតិខ្មែររួចមក , បុរសជនជាតិចិន រូបនេះបានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តីជាជនជាតិចិននិងកូនស្រីតូចរបស់ខ្លួននៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេលជាង១ខែមកហើយ ។

លុះប្រហែលជា១០ថ្ងៃមុននេះ គេឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកប្រពន្ធ ហើយក៏រកឃើញនៅផ្ទះសំណាក់ខាងលើ ទើបបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុ។ មុនពេលមានឃាតកម្មកើតឡើងគឺជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង ធ្វើឱ្យប្រពន្ធខឹងក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។

ពេលនោះស្រាប់តែជនសង្ស័យយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល ឱ្យដេកស្លាប់លើពូករួចហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម ៕ដោយ៖ ឆ ដា


ចែករំលែក៖