ខេត្តស្វាយរៀង៖ បន្ទាប់ពីជំនន់ទឹកភ្លៀងមានការស្រកចុះអស់ហើយនោះលោកនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទានិងក្រុងបាវិតបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅស្រុកចន្ទ្រា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីអស់លោកក្រុមការងារ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងមន្ត្រីដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទានិងក្រុងបាវិតបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកនាយឧត្តមសេនីយ៍ក៏បានអំពាវនាវដល់ប្រជាកសិករក្នុងស្រុកចន្ទ្រា ក្រោយពីទទួលបានស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនហើយសូមចាប់ផ្តើមភ្ជួររាស់សាបព្រោះដើម្បីបង្កបង្កើនផល និងស្តារជីវភាពឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។
នាយឧត្តមសេនីយ៍បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនូវការរស់នៅស្អាត ហូបស្អាត ពិសាទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយសារជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។ បន្ទាប់មក លោកមុឹង សំផន និងក្រុមការងារក៏បានចុះពិនិត្យផ្លូវក្រាលថ្មមិចប្រវែង ៧,៣៤០ ម៉ែត្រចាប់ពីកែងវត្ត
បទុមរង្សី ក្នុងភូមិចេក ឃុំសំរោង កាត់តាមភូមិទួលអំពិល ភូមិទួលស្ពាន ដល់កែងវត្តព្រៃខ្លូត ក្នុងភូមិត្រពាំងរុន ឃុំច្រេស និងបានឧបត្ថម្ភថវិកា ២,៥០០ដុល្លារសម្រាប់កសាងជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ហើយលោកក៏បាននាំយកសម្ភារមកប្រគល់ជូនមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ទួលស្តី នៅក្នុងឃុំទួលស្ដី រួមមាន ម៉ាស់ចំនួន៥០០បន្ទះ ទឹកអាល់កុល៦០លីត្រនិងជែលលាងដៃសម្រាប់ប្រើប្រាស់ផងដែរ៕ យឹម សុថាន