ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗស្រាប់តែជនសង្ស័យម្នាក់ បានទៅធ្វើសកម្មភាពយកញញួរវាយពុទ្ធបដិមាព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ បានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួចលើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាតតែម្តង ។
បើតាមការអះអាងពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ឈ្មោះហាស់ សឿន ភេទប្រុស ជាអ្នកបំរើការងារ ក្នុងកន្លែងព្រះអង្គដងកើឃើញបានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ដែលប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៍នីតិវិធី ។
គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរយើងតែងតែនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ សុំលាភសក្ការៈផ្សេងៗជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក ចេក និងតង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ។ លើសពីនេះទៅទៀត អ្នកខ្លះមានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ៕
ដោយ៖សហការី